Monday, May 1, 2017

រឿង បុរសស្រឡាញ់នារីលក់ សុីឌី


    កំលោះជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បានទៅហាងសុីឌីមួយដើម្បីរកទិញសុីឌី។  ពេលចូលដល់ក្នុងហាងលក់
សុីឌី គាត់បានឃើញនារីស្រស់សោភាម្នាក់ក្នុងហាងនោះ។ពេលឃើញសម្រស់ដ៏ល្អឯករបស់នារីម្នាក់នោះហើយ
គាត់បានចាប់ចិត្តប្រតិព័ន្ធលួចស្រឡាញ់នារីដ៏ស្រស់សោភានោះ តែគាត់មិនហ៊ានសារភាពប្រាប់នាងឡើយ។
តាំងពីថ្ងៃដែលគាត់បានជួបនារីនោះមក គាត់តែងតែទៅហាងលក់សុីឌីរៀងរាល់ចុងសប្ដាហ៍ ។ តែគាត់គ្មាន
បំណងចង់ទិញសុីឌីដូចមុនទេ តែគាត់មានបំណងចង់ឃើញមុខនារីដែលគាត់លួចស្រឡាញ់ប៉ុណ្ណោះ។
គាត់ចង់និយាយទៅកាន់នាងណាស់ តែគាត់មិនហ៊ានហាស្តីខ្លាចនាងមិនស្តីរកនាំឲ្យខ្មាសគេ ម៉្លោះហើយ
គាត់នៅត្រាំត្រែងបានត្រឹមលួចស្រឡាញ់លួចមើលនាងប៉ុណ្ណោះ។
 
    ៣សប្ដាហ៍កន្លងផុតទៅហើយ ដែលគាត់ជាប់ចិត្តលើនារីម្នាក់នោះ ក្នុងបេះដូងរបស់គាត់ពោរពេញដោយស្នេហា
ពុះកញ្ជ្រោក្តុកក្តួលពេញរាងកាយ។ គាត់ទ្រាំលែងបានហើយ គាត់គិតថា លើកនេះ គាត់ត្រូវតែនិយាយទៅកាន់នារី
ម្នាក់នោះ។ មើលទៅការតាំងចិត្តរបស់គាត់ដូចជាហំណាស់ដែរ  តែពេលដែលគាត់ទៅដល់ហាងលក់សុីឌីហើយឃើញ
នារីម្នាក់នោះ ស្រាប់តែអារម្មណ៍ញាប់ញ័ររបស់គាត់បានចេញមករារាំងមិនឲ្យហាស្តីចេញមកបាន។ គាត់គ្មាន
សេចក្តីក្លាហាននិងប្រឈមមុខទៅនឹងស្ថានភាពបែបនោះទេ តែយ៉ាងណាគាត់នឹកឃើញវិធីសាស្ត្រមួយ គឺសុំលេខ
ទូរស័ព្ទនារីម្នាក់នោះពីមិត្តរួមការងាររបស់នាង។ ពេលបានលេខទូរស័ព្ទហើយ គាត់មិនហ៊ានចុចទូរស័ព្ទទៅទៀត
គិតថាចង់ចុច តែមិនហ៊ានចុចលេខ ចុចលេខហើយមិនហ៊ានចុចបញ្ជូន បញ្ជូនហើយ  គ្រាន់តែរោទិ៍ ២-៣ដង ក៏បិទ
ទៅវិញ។


      ពេលមួយគាត់ក៏សម្រេចិត្តចុចទូរស័ព្ទទៅនារីម្នាក់នោះ...។ សំឡេងនារីម្នាក់យ៉ាងសុភាពរាបសាបានបន្លឺឡើងថា
"ជម្រាបសួរ... នរណាគេដែរហ្នឹង?... តើខលមកចង់ជួបនរណាដែរ?... " បុរសកំសាកឆ្លើយ "បាទខ្ញុំចង់ជួបធារី"។
គ្រាន់តែឮសម្តីគាត់ភ្លាម នារីដែលទទួលទូរស័ព្ទក៏ចាប់ផ្តើមយំយ៉ាងខ្លាំងៗ។ បុរសនោះសួរបន្តទៀត "ហេតុអ្វី
បានជាអ្នកនាងយំ?" នារីម្នាក់នោះប្រាប់ថា "កូនស្រីរបស់ខ្ញុំបានស្លាប់បាត់បីថ្ងៃកន្លងមកហើយ ខ្ញុំជាម្តាយនាង"។
ឮដូច្នោះបុរសម្នាក់នោះ ហាក់ដូចជាធ្លាប់ថ្លើមក្តុកចឹង ធ្លាក់ទូរស័ព្ទពីដៃ ហើយលែងនិយាយអ្វីទាំងអស់ គាត់ស្តាយ
ណាស់មិនអស់ចិត្តសោះ ស្តាយមិនបាននិយាយប្រាប់នាង ថាគាត់ស្រឡាញ់នាង តែគ្រប់យ៉ាងបានត្រឹមតែវិប្បដិសារី។

គំនិតពិចារណា

៙ វិប្បដិសារីកើតឡើងចំពោះអ្វីដែលយើងមិនបានធ្វើវា តែវានិងមិនអាចកើតមានឡើងនោះទេ ប្រសិនបើយើងក្លាហាន
ក្នុងការធ្វើវា ទោះជាជោគជ័យឬបរាជ័យយ៉ាងណាក៏ដោយ។ ឱកាស គឺមានសម្រាប់តែជនក្លាហានប៉ុណ្ណោះ
ហើយវាក៏និងបាត់ទៅវិញ ក៏ដោយសារតែជនកំសាកផងដែរ។

៙ ទាំងភាពកំសាក ទាំងភាពក្លាហាន គឺនៅក្នុងបេះដូងជាមួយគ្នាទេ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តបញ្ចេញតែភាព
កំសាក ហើយទុកភាពក្លាហានឲ្យនៅក្នុងបេះដូង ដែលជាហេតុធ្វើឲ្យភាពកំសាកនោះវា គ្រប់ដណ្ដប់ទៅលើភាព
ក្លាហានបាន។

ដកស្រង់ចេញពីសៀវភៅ ក្លាហាន របស់លោកគ្រូ អួន សារ៉ាត់

0 comments:

Post a Comment